កំណត់ហេតុរបស់នាសា

“នាសា! ក្រោកឡើង! ដល់ម៉ោងចូលរៀនឥឡូវហើយ! យី! ធំពេញក្រមុំហើយនៅឱ្យម៉ាក់ដាស់ទៀត!”

 

“ចាស ម៉ាក់…!”

 

ខ្ញុំមិនទាន់ចង់ក្រោកពីដេកទេ ព្រោះកំពុងយល់សប្តិថាកំពុងញុាំការ៉េមដ៏ធំមួយ។

 

សួរស្ដី! ខ្ញុំឈ្មោះ នាសា ជាកូនស្រីច្បងរបស់គ្រួសារមានជីវភាពមធ្យមមួយនៅទីក្រុងភ្នំពេញ។ ឆ្នាំនេះ ខ្ញុំរៀនថ្នាក់ទី10ហើយ។ ឪពុករបស់ខ្ញុំជាអ្នកធ្វើការនៅក្រុមហ៊ុនឯកជនមួយ ហើយម្ដាយរបស់ខ្ញុំជាស្ត្រីមេផ្ទះដ៏គួរឱ្យស្រឡាញ់ម្នាក់។ គាត់នៅជួយមើលថែខ្ញុំ និងប្អូនប្រុសអាយុ 8ឆ្នាំ និង 5ឆ្នាំទាំងពីរនាក់របស់ខ្ញុំ។ ដោយសារឪពុករបស់ខ្ញុំជាបង្អែកតែម្នាក់គត់នៅក្នុងគ្រួសារ គាត់តែងតែប្រកបរបររត់តុកៗនៅពេលទំនេរពីការងារដើម្បីរកប្រាក់ចំណូលបន្ថែម។ គ្រួសាររបស់ខ្ញុំជាគ្រួសារដ៏រីករាយ និងកក់ក្តៅមួយ។

 

រហូតដល់រឿងមិនធម្មតាមួយបានកើតឡើងមកលើឪពុករបស់ខ្ញុំ។

 

ពេលដែលខ្ញុំបញ្ចប់ថ្នាក់រៀនតាមអនឡាញនៅល្ងាចមួយនោះ ម្ដាយរបស់ខ្ញុំហាក់ដូចជាមានទឹកមុខស្ងួតខុសពីធម្មតា។

 

“នាសា! សុធា! ធារិទ្ធិ! កូនមកអង្គុយជាមួយម៉ាក់បន្តិច ម៉ាក់មានរឿងមួយចង់ប្រាប់។”

 

ខ្ញុំ និងប្អូនប្រុសទាំងពីររបស់ខ្ញុំនាំគ្នាមកអង្គុយនៅតុបាយដើម្បីចាំស្ដាប់ម៉ាក់និយាយ។ “ប៉ារបស់កូនមិនស្រួលខ្លួនជាច្រើនថ្ងៃហើយ។ គាត់សម្រេចចិត្តថានឹងទៅធ្វើទៅតេស្ដស្វែងរកជំងឺកូវីដ-19 នៅថ្ងៃស្អែកនេះ។ អុីចឹង កូនត្រូវរក្សាគំលាតពីគាត់។ កុំរត់ទៅឱបប៉ា លឺទេ?”

 

“ចាស/បាទ!”

 

ដំណឹងនេះធ្វើឱ្យខ្ញុំហាក់មានអារម្មណ៍ស្លុតចិត្តយ៉ាងខ្លាំង។

 

ប៉ាប្រាកដជាមិនអីទេ វាគ្រាន់តែជាការធ្វើតេស្ដប៉ុណ្ណោះ ខ្ញុំព្យាយាមនិយាយលួងខ្លួនឯង។

 

នៅល្ងាចនោះ ទឹកមុខរបស់ប៉ាមានសភាពស្លេកស្លាំងខ្លាំងណាស់ ប៉ុន្តែគាត់នៅតែរក្សាទឹកមុខញញឹមដដែល។ ខ្ញុំដឹងថាគាត់ព្យាយាមលាក់ភាពមិនស្រួលខ្លួនរបស់គាត់ដើម្បីកុំឱ្យខ្ញុំ និងប្អូនៗភ័យ។ ប៉ា មិនព្រមដោះម៉ាសចេញទេ។ គាត់ដើរចូលបន្ទប់គេងរបស់គាត់តែម្ដង ដោយឱ្យម៉ាក់យកអាហារពេលល្ងាចឱ្យគាត់ដល់ក្នុងបន្ទប់។

 

ខ្ញុំមិនបានបង្ហាញការភ័យព្រួយរបស់ខ្ញុំនោះទេ ដោយសារខ្ញុំខ្លាចប្អូនប្រុសទាំងពីររបស់ខ្ញុំភ័យដែរ។

 

នៅយប់នោះ ម៉ាក់ទៅសម្រាន្តនៅបន្ទប់ផ្សេងមួយទៀតក្បែរបន្ទប់របស់ប៉ា។

 

នៅពេលដែលប្អូនៗរបស់ខ្ញុំគេងលក់អស់ ខ្ញុំក៏បានទៅនិយាយជាមួយម៉ាក់។

“ម៉ាក់… ប៉ា គាត់យ៉ាងម៉េចហើយ? គាត់មិនអីទេ មែនទេ?”

 

ខ្ញុំនិយាយបណ្ដើរ ចង់យំបណ្ដើរ។ ម៉ាក់ខ្ញុំអង្អែលក្បាលខ្ញុំ។ ទឹកមុខរបស់គាត់ស្រងូតស្រងាត់ខ្លាំងណាស់។

“ប៉ាកូនមិនអីទេ… នាសា កូនៗនៅក្នុងផ្ទះនេះ កូនធំជាងគេ។ សុធា និងធារិទ្ធិចាំតែមើលគំរូកូនទេ។ កូនត្រូវតែរឹងមាំ ដឹងទេ? ម្យ៉ាង វាគ្រាន់តែជាការធ្វើតេស្តប៉ុណ្ណោះ។ ស្រួល មិនស្រួល ប៉ាកូនគ្រាន់តែផ្ដាសាយធំធម្មតាទេ។”

 

ខ្ញុំញញឹម ឱបម៉ាក់។ មែនហើយ វាគ្រាន់តែជាការធ្វើតេស្តទេ !

 

ប៉ុន្តែការពិត ប្រៀបដូចជាដុំអាចន៍ផ្កាយដ៏ធំមួយដែលបានធ្លាក់មកបំផ្លាញក្ដីសង្ឃឹមរបស់ខ្ញុំ។

 

ព្រឹកស្អែកឡើង ម៉ាក់បាននាំប៉ាចេញទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ បន្ទាប់ពីម៉ាក់ និងប៉ាត្រលប់មកវិញត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ខាងមន្ទីរពេទ្យបានទូរស័ព្ទមករកប៉ារបស់ខ្ញុំដើម្បីប្រាប់ថា គាត់មានវិជ្ជមានជំងឺកូវីដ-19។ ឡានពេទ្យបានមកយកលោកប៉ាទាំងយប់ ហើយដាក់បម្រាមឱ្យក្រុមគ្រួសាររបស់ខ្ញុំធ្វើចត្តាលីស័កចំនួន 14 ថ្ងៃ និងរក្សាគម្លាតពីគ្នា។

 

ម៉ាក់ វីដេអូខលទៅរកប៉ា 2ដងក្នុងមួយថ្ងៃ។ មិនដែលមានថ្ងៃណាមួយដែលខ្ញុំមិនបាននិយាយជាមួយប៉ាទេ ប៉ុន្តែខ្ញុំនិយាយមិនបានយូរទេព្រោះម៉ាក់ថាប៉ាគាត់ចង់សម្រាក។

 

កន្លងទៅមួយអាទិត្យហើយ ប៉ានៅតែមិនទាន់ត្រលប់មកផ្ទះវិញទៀត។ ប្អូនៗរបស់ខ្ញុំយំនឹកគាត់ខ្លាំងណាស់ ព្រោះប៉ាប្រាប់ថាគាត់នឹងទៅក្រៅតែមួយអាទិត្យប៉ុណ្ណោះ។ មិនដែលមានយប់ណាដែលប៉ាមិនមកផ្ទះទេ ដូច្នេះ ការបែកលើកនេះ វាយូរខ្លាំងណាស់សម្រាប់ប្អូនៗរបស់ខ្ញុំ។

 

“ប៉ាប្រាកដជាមិនអីទេ គាត់មកផ្ទះវិញឥឡូវហើយ!” ខ្ញុំនិយាយលួងប្អូនៗ និងខ្លួនឯង។

 

កន្លងទៅ2អាទិត្យហើយ បន្ទាប់ពីថ្ងៃដែលប៉ាទៅសម្រាកនៅមន្ទីរពេទ្យ ហើយក៏ជាថ្ងៃដែលការធ្វើចត្តាលីស័ករបស់គ្រួសារខ្ញុំត្រូវបានបញ្ចប់ដែរ។ មិនមានសមាជិកណាម្នាក់ក្រៅពីលោកប៉ា បានឆ្លងជំងឺដ៏កាចសាហាវនេះទេ។ ម៉ាក់របស់ខ្ញុំអុជធូបរាល់ថ្ងៃ ដើម្បីបន់ស្រន់ឱ្យលោកប៉ាឆាប់បានត្រលប់មកផ្ទះវិញ និងបួងសួងឱ្យសមាជិកគ្រួសារទាំងអស់បានចាកផុតពីជំងឺនេះ។ ការបួងសួងរបស់ម៉ាក់បានសម្រេចតែ 50% ប៉ុណ្ណោះ។ ស្ថានភាពរបស់ប៉ាមិនបានធូរស្រាលទេ គាត់មើលទៅដូចជាហត់ខ្លាំងណាស់។ ឥឡូវនេះ ពេលវីដេអូខលម្ដងៗ គាត់គ្រាន់តែមើលមុខហើយចាំស្ដាប់កូនៗនិយាយប៉ុណ្ណោះ។

 

រាល់ពេលដែលម៉ាក់ធ្វើម្ហូបដែលប៉ាចូលចិត្ត គាត់ពិសារមិនសូវបានទេ ខ្ញុំក៏ញ៉ាំមិនចូលដែរ ពេលដែលឃើញម៉ាក់ពិបាកចិត្តបែបនេះនោះ។

 

នៅថ្ងៃមួយនោះ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ក៏ជាថ្ងៃមួយដែលធ្វើឱ្យជីវិតរបស់ខ្ញុំប្រែក្លាយជាពណ៌ខ្មៅងងឹតដែរ។ ដំណឹងមរណភាពរបស់លោកប៉ាធ្វើឱ្យជីវិតរបស់ខ្ញុំប្រែប្រួលទាំងស្រុង។ ខ្ញុំមើលមិនឃើញអនាគតរបស់ខ្ញុំទេ!

 

ខ្ញុំចាំថ្ងៃនោះមិនភ្លេចទេ ទូរស័ព្ទបានធ្លាក់ពីដៃរបស់ម៉ាក់ ហើយគាត់ចាប់ផ្ដើមទន់ជង្គង់ ខ្ញុំរត់ទៅទ្រម៉ាក់សឹងតែមិនទាន់ “ម៉ាក់! ម៉ាក់យ៉ាងម៉េចហើយ?!”
“កូនសម្លាញ់ម្ដាយ ប៉ារបស់កូន គាត់ទៅហើយ…” ម៉ាក់និយាយទាំងមិនមានព្រលឹងនៅក្នុងខ្លួន ខ្ញុំគ្រាម៉ាក់ទៅអង្គុយនៅកៅអី មួយសន្ទុះក្រោយមក គាត់ឱបខ្ញុំបណ្ដើរហើយយកដៃជូតទឹកភ្នែកបណ្ដើរ
“ឱកូនមាសម្ដាយអើយ! ហេតុអ្វីក៏កូនត្រូវជួបរឿងបែបនេះ?!”

 

ប្រៀបដូចជាត្រូវមួយដំបងអ៊ីចឹង ខ្ញុំចាប់ផ្ដើមយល់ពីសំដីរបស់គាត់អារម្មណ៍ជាច្រើនបានឆ្លងកាត់ខួរក្បាលរបស់ខ្ញុំ ប្រៀបដូចជាទឹកជ្រោះធ្លាក់ពីលើទីខ្ពស់ ភាពទុក្ខសោក ភាពឯកោ ភាពនឹករលឹកលោកប៉ា ក្ដីព្រួយបារម្ភសម្រាប់អនាគត ឥឡូវខ្ញុំលែងមានប៉ាហើយ តើខ្ញុំត្រូវធ្វើយ៉ាងណា? ប្អូនៗរបស់ខ្ញុំនៅតូចៗណាស់ ពួកវាមិនអាចជួយអ្វីបានទេ។ អ៊ីចឹងមានន័យថាខ្ញុំត្រូវឈប់រៀនដើម្បីជួយម៉ាក់?

 

ត្រូវហើយកូនៗនៅក្នុងផ្ទះនេះខ្ញុំធំជាងគេ ខ្ញុំជាគំរូរបស់ប្អូនៗរបស់ខ្ញុំ ខ្ញុំមិនអាចទន់ជ្រាយបានទេ!

 

នៅល្ងាចថ្ងៃនោះ ខ្ញុំក៏សម្រេចចិត្តនិយាយប្រាប់ម៉ាក់
“ម៉ាក់! កូនបានសម្រេចចិត្តហើយ! នៅផ្ទះនេះក្រៅពីម៉ាក់ មានតែកូនទេដែលធំជាងគេ។ កូនអាយុ 17 ឆ្នាំហើយ! កូនអាចឈប់រៀនដើម្បីជួយរកចំណូលសម្រាប់គ្រួសារនេះបាន!”

ម៉ាក់ឱបខ្ញុំ ហើយអង្អែលក្បាលខ្ញុំតិចៗ
“កូនសំអុយរបស់ម៉ាក់ កូនទើបតែអាយុ 17ឆ្នាំទេ។ តើកូនអាចធ្វើអ្វីបាន? កូនរៀនជិតចប់ហើយ។ បាំងតែ 2ឆ្នាំទៀតប៉ុណ្ណោះកូនអាចទៅធ្វើការក្រៅម៉ោងបានហើយ។ យើងមិនមែនអត់ចំណូលទាំងស្រុងឯណា!

 

មុននឹងម៉ាក់សម្រេចចិត្តថានៅផ្ទះដើម្បីមើលថែកូន ម៉ាក់និងប៉ាបានគិតគូច្បាស់លាស់ណាស់ ថាធ្វើយ៉ាងណាដើម្បីឱ្យប្រាកដថាកូនៗទាំងអស់គ្នាបានរៀនចប់ចុងចប់ដើម។ កាលពី 2ឆ្នាំមុន ប៉ារបស់កូនបានសម្រេចចិត្តទិញធានារ៉ាប់រងអាយុជីវិត ហើយសន្សំតាមគម្រោងនោះរហូតមក។ ម៉ាក់នឹងមានលុយល្មមគ្រប់គ្រាន់សម្រាប់លក់ម្ហូបនៅមុខផ្ទះបាន។ អ៊ីចឹងគ្រួសាររបស់យើងនៅតែមានចំណូលដដែលទេ។ កូនត្រូវខំរៀន កុំឱ្យធ្លាក់ទៅបានហើយ កុំឱ្យអស់លុយម៉ាក់ថែមណា៎។”

 

គាត់ផ្ទាត់ថ្ងាសខ្ញុំ ហើយញញឹមតិចៗបន្ទាប់ពីគាត់និយាយចប់។

 

ថ្ងាសរបស់ខ្ញុំឈឺ ប៉ុន្តែយ៉ាងហោចណាស់ក៏អនាគតរបស់ខ្ញុំមិនសូវងងឹតដូចការគិតរបស់ខ្ញុំដែរសំដីរបស់ម៉ាក់ប្រៀបដូចជាកម្លាំងធាតុម្យ៉ាងដែលបានរុញច្រានដុំថ្មដ៏ធំមួយដែលបានសង្កត់ដួងចិត្តរបស់ខ្ញុំ

ភាពធូរស្រាលនៅក្នុងចិត្តធ្វើឱ្យខ្ញុំហ៊ានយំចេញមក
“ម៉ាក់…! កូនកុហកម៉ាក់ទេ! កូនពិតជាមិនចង់ឈប់រៀនទេ! ប៉ុន្តែកូនក៏មិនចង់ឱ្យយើងទាំងអស់គ្នាដាច់បាយស្លាប់ដែរ…!”

 

ខ្ញុំយំឱបម៉ាក់។

“ម៉ាក់អរគុណកូន… ម៉ាក់ក៏ដឹងដែរថាកូនសម្រេចចិត្តបែបនេះគឺដើម្បីគ្រួសារយើង… ប៉ុន្តែប៉ារបស់កូនបានត្រៀមលុយបម្រុងសំរាប់ពេលបែបនេះរួចហើយ” ម៉ាក់អង្អែលក្បាលខ្ញុំ ហើយនិយាយលួងខ្ញុំ “ម៉ាក់បាននិយាយប្រាប់កូនរួចហើយទេតើ! លុយសន្សំដែលបានមកពីធានារ៉ាប់រងនោះអាចល្មមជួយឱ្យកូនរៀនចប់បាន…”

 

ល្ងាចនោះ ជាល្ងាចដ៏សោកសៅបំផុតក្នុងជិវិតរបស់ខ្ញុំ ជាល្ងាចដែលជីវិតដ៏ស្រស់ថ្លារបស់ខ្ញុំប្រែក្លាយជាពណ៌ខ្មៅងងឹត ប្រៀបដូចជាពិភពលោកដែលគ្មានពន្លឺថ្ងៃ ប៉ុន្តែ កេរ្តិ៍ដំណែលចុងក្រោយដែលលោកប៉ាបានបន្សល់ទុក ប្រៀបដូចជាពន្លឺផ្កាយនៅលើមេឃដែលជួយបំភ្លឺពិភពលោកដ៏ខ្មៅងងឹតរបស់ខ្ញុំ ដួងផ្កាយដែលអនុញ្ញាតឱ្យខ្ញុំបន្តដំណើរទៅមុខទៀតប្រកបដោយក្ដីសង្ឃឹម បន្ទាប់ពីធ្វើពិធីបុណ្យសពឱ្យលោកប៉ាបានចប់សព្វគ្រប់ ខ្ញុំនិងម៉ាក់បានទៅបើកប្រាក់សំណងនៅឯក្រុមហ៊ុនធានារ៉ាប់រងហ្វតតេឡាយហ្វ៍។

 

ប្រាក់សំណងនោះច្រើនជាងការរំពឹងទុកដោយសារការអនុវត្តគម្រោងថ្មី ដូច្នេះយើងទទួលបានប្រាក់សំណងបន្ថែមដោយសារលោកប៉ាទទួលមរណភាពដោយសារជំងឺកូវីដ-19។ ម៉ាក់បានយកប្រាក់សំណងមួយចំនួននោះទៅដាក់នៅក្នុងធនាគារដើម្បីយកការប្រាក់ និងទុកខ្លះដើម្បីបើកហាងបាយតូចមួយនៅមុខផ្ទះ។

 

ការបាត់វត្តមានរបស់ប៉ា ប្រៀបដូចជាមានខ្យល់ព្យុះដ៏កាចសាហាវមួយបានគួចយកដំបូលផ្ទះរបស់គ្រួសារនេះ។


ប៉ុន្ដែជាសំណាងល្អ ដែលផ្ទះរបស់យើងនៅសល់ពិដាន ពិដានដែលលោកប៉ា និងអ្នកម៉ាក់បានត្រៀម ទុកគ្រាន់ពេលដែលយើងជួបគ្រោះបែបនេះ…


រឿងនេះជារឿងប្រឌិត ប៉ុន្តែរឿងនេះអាចកើតមានគ្រប់ពេលវេលាទាំងអស់សម្រាប់អ្នកអានគ្រប់គ្នា។

 


សូមកុំឱ្យជំងឺកូវីដ-19 បំផ្លាញជីវិតក្រុមគ្រួសារទាំងមូលរបស់អ្នក។


ការត្រៀមខ្លួនទុកជាមុននាំឱ្យក្រុមគ្រួសាររបស់លោកអ្នកយកឈ្នះលើគ្រប់ឧបសគ្គទាំងអស់ ៕


#ហ្វតតេឡាយហ្វ៍ #ការរៀបចំគម្រោងឆ្លាតវៃ